គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

«ខ្មែរជួយខ្មែរ» បុគ្គលិកសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេលបានរួបរួមគ្នាជួយដល់វីរកងទ័ព និងជនភៀសសឹក

កាលបរិច្ឆេទ: ០៨ មករា ២០២៦ / ម្ហូបអាហារ / Author : ATH Sokren

បុគ្គលិកសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេលប្រមាណជាង១០០នាក់បានលះបង់ថ្ងៃឈប់សម្រាកចុងសប្តាហ៍របស់ពួកគេនៅខែធ្នូដើម្បីផលិត និងវេចខ្ចប់អាហារសម្រន់ Appetine Senior (នំ​ជំនួស​បាយ) សម្រាប់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅកម្ពុជា ក្នុងក្របខ័ណ្ឌនៃ​យុទ្ធនាការ «ខ្មែរជួយខ្មែរ» ដែលរៀបចំឡើងដោយមូលនិធិគីណាល់។ នំ​ជំនួស​បាយមានបីរសជាតិ (រសជាតិប្រហុក ចេក និងស្វាយ) គឺជាអាហារសម្រន់ដែលសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងសារធាតុ​រ៉ែ មាន​ភាពងាយស្រួលក្នុងការដឹកជញ្ជូនទៅសមរភូមិមុខ។ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម-ខនហ្វីរេល បានពន្យល់ថា នំតែមួយកញ្ចប់អាចជំនួសអាហារមួយពេលបាន។

ក្នុងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ ក្រុមការងារស្ម័គ្រចិត្តអាចផលិតនំ Appetine Senior ឬនំ​ជំនួស​បាយនិងដំណាប់ខ្ញីបានជិត៩០០០កញ្ចប់ ហើយដំណាប់ខ្ញីនេះដែរគឺមានសារប្រយោជន៍សម្រាប់សុខភាព។ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះ មូលនិធិគីណាល់បានផុសផ្សាយរូបភាពដែលមានឃ្លាមួយថា « PPM–Confirel រួមសាមគ្គីភាព​មួយវីរកងទ័ព និងជនភៀសសឹក» អមដោយ QR code « Kinal Foundation Refugee by S.S » ក្នុងគោលដៅប្រមូលជំនួយយកទៅចំណាយលើការទិញវត្ថុធាតុដើម និងលើការផលិតស្បៀងអាហារសម្រាប់វីរកងទ័ព និងជនភៀសសឹក ដែលជំនួយភាគច្រើនបានមកពីបុគ្គលិកផ្ទាល់នៃក្រុមហ៊ុនសហគ្រាសតែម្តង។

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ជំនួសមុខឱ្យលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ ក្រុមការងារក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម-ខនហ្វីរេលបានប្រគល់អំណោយ​ជូនឯកឧត្តមសាយ​ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នូវអំណោយជានំ Appetine Senior ឬនំ​ជំនួស​បាយ និងដំណាប់ខ្ញីចំនួន៤០៦៤កញ្ចប់ ព្រមទាំងថ្នាំពេទ្យរបស់សហគ្រាសផលិតឱថប៉េប៉េអឹមចំនួន១២៧៥ដប/កញ្ចប់ រួមមានថ្នាំក្រពះ Alox ថ្នាំសើស្បែក ​Septiderm, ថ្នាំវីតាមីន Polivit និងថ្នាំ Kinal Family។ អំណោយទាំងនោះនឹងត្រូវចែកចាយដោយផ្ទាល់ដៃរបស់ឯកឧត្តមជូនដល់វីរកងទ័ព និងជនភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃនៅតាមបណ្តាខេត្ត​តាម​បណ្តោយព្រំដែន ដែលបង្ហាញពីឆន្ទៈរបស់វិស័យឯកជនកម្ពុជាក្នុងការឈរជាមួយកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលក្នុងអំឡុងពេលមានវិបត្តិនេះ៕